ដោយមើលឃើញពីសក្តានុពល ទីផ្សារអនឡាញរបស់ក្រុមហ៊ុន Alibaba ក្រុមហ៊ុន Yahoo គ្រោងទិញហ៊ុន ដែលមានតម្លៃ ២០ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Alibaba។ ក្រុមហ៊ុន Yahoo បានឲ្យដឹងដែរថា ការចូលហ៊ុននេះ គឺដើម្បីបំពេញភាគហ៊ុន Alibaba ឲ្យបានចំនួន ៣៨៤លានហ៊ុន ក្នុងត្រីមាសទី ៤នេះ។
កាលពីឆ្នាំ ២០០៥ សហស្ថាបនិករបស់ក្រុមហ៊ុន Yahoo លោក Jerry Yang ធ្លាប់បានដឹកនាំការចរចាររបស់ក្រុមហ៊ុន Yahoo ក្នុងការទិញភាគហ៊ុន ៤០ ភាគរយពី ក្រុមហ៊ុនអនឡាញចិន Alibaba ដែលស្មើនឹងតម្លៃ ១ ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba នាពេលបច្ចុប្បន្ននេះ មានតម្លៃប្រមាណជាង ២០ពាន់លានដុល្លារអាមេរិក។
លោក Jack Ma ជាអ្នកស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba បានឲ្យដឹងថា ក្រុមហ៊ុនអនឡាញខ្នាតយក្សរបស់លោក នៅតែមានកំណើនរីកលូតលាស់ដដែល បើទោះបីជា សេដ្ឋកិច្ចចិនមានកំណើនយឺតក៏ដោយ ព្រោះចំនួនអ្នកប្រើប្រាស់ នៅតែបន្តកើនឡើងក្នុងការទិញទំនិញ លើទីផ្សារអនឡាញរបស់ក្រុមហ៊ុន Alibaba នេះក៏ដោយសារតែ នៅពេលដែលសេដ្ឋកិច្ចប្រទេសចិនធ្លាក់ចុះ បានធ្វើ ឲ្យចំនួនអ្នកទិញ ងាកមកប្រើប្រាស់ការទិញទំនិញតាមអនឡាញ ដែលទំនិញទាំងនោះមានតម្លៃថោកជាងមុន និងមានច្រើនជម្រើស។
ម្យ៉ាងវិញទៀត លោក Jack Ma និង លោក Yang ក៏ធ្លាប់មានស្គាល់គ្នាម្តងរួចមកហើយ ក្នុងកំឡុងពេលដែលលោក Yang ចាប់អារម្មណ៍ចង់ចាប់ផ្តើមអាជីវកម្មក្នុងប្រទេសចិន និងបានធ្វើដំណើរទស្សនកិច្ចមកមហាកំពែងប្រទេសចិន ដោយបានលោក Jack Ma ធ្វើជាអ្នកបកប្រែឲ្យរូបលោក។
គួសបញ្ជាក់ថា ការលក់ទំនិញលើទីផ្សារអនឡាញរបស់ក្រុមហ៊ុន Alibaba បានកើនឡើង ២៨ភាគរយកាលពីឆ្នាំមុន បើគិតត្រឹមឆមាសទី ២ ក្នុងឆ្នាំនេះសម្រេចបានជាទឹកប្រាក់ ៣.២៧ពាន់លានដុល្លារអាមេរិក៕

0 comments:
Post a Comment