ក្រុមហ៊ុនជប៉ុនចំនួន ៧ ដែលកំពុងដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា កាលពីចុងសប្ដាហ៍កន្លងមកនេះ បានប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ដោយមិនគិតលើបទពិសោធន៍ និងចំណេះដឹងភាសាជប៉ុននោះឡើយ។
អ្នកនាង ណាំ ស៊ូទាង អ្នកសម្របសម្រួលជាមួយភាគីជប៉ុន កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងមកនេះ បាននិយាយថា៖ «ក្រុមហ៊ុនទាំងនោះត្រូវការជ្រើសរើសបុគ្គលិកជាង ៤០តំណែង ដូចជា វិស្វករ ថែទាំបរិក្ខារ គណនេយ្យ ទីផ្សារជាដើម។ តំណែងខ្លះត្រូវការអ្នកមានបទពិសោធន៍ ហើយតំណែងខ្លះមិនត្រូវការបទពិសោធន៍ ឬចំណេះដឹងភាសាជប៉ុនទេ»។
លោក យូស៊ុកិ រ៉ាគឹ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Idemitsu Saison Microfinance បានឲ្យដឹងថា ក្រុមហ៊ុនលោកកំពុងត្រូវការបុគ្គលិកសម្រាប់ផ្នែកគ្រប់គ្រងទូទៅ និងបុគ្គលិកទូទៅ ដើម្បីបម្រើការផ្នែកផ្ដល់ឥណទានដល់សហគមន៍ជនបទ។ លោកនិយាយថា៖ «លោកផ្ដល់ឱកាសដល់និស្សិតទើបបញ្ចប់ការសិក្សា ទោះបីមិនមានបទពិសោធន៍ ឬចេះភាសាជប៉ុនក៏ដោយ»។
ចំណែកឯក្រុមហ៊ុន Procast Asia ដែលជាភ្នាក់ងារសេវាកម្មធនធានមនុស្សជប៉ុននៅកម្ពុជា កំពុងជ្រើសរើសបុគ្គលិកកម្ពុជាជាច្រើននាក់សម្រាប់បម្រើការងារនៅប្រទេសជប៉ុនផ្នែកបច្ចេកទេស។ កញ្ញា ស្រីឡា តំណាងក្រុមហ៊ុន Procast Asia បានឲ្យដឹងថា ពលរដ្ឋកម្ពុជានឹងទទួលបានប្រាក់ខែចន្លោះ ១២០០ទៅ ១៥០០ដុល្លារអាមេរិក និងបំពេញការងារចាប់ពី ៣ឆ្នាំទៅ ៥ឆ្នាំ។
លោក នីម៉ូរ៉ា តូស៊ីយ៉ា (NIIMURA TOSHIYA) នាយកគ្រប់គ្រងសាខាក្រុមហ៊ុន Sagawa Express Co., Ltd ដែលជាក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កំពុងត្រូវការបុគ្គលិកកម្ពុជាផ្នែក Operation Staff និង Pick Up ដោយមិនទាមទារឲ្យចេះភាសាជប៉ុននោះឡើយ។
អ្នកនាង នៅ សុភា អ្នកអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃក្រុមហ៊ុន Forval Cambodia ដែលជាក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ផ្នែកសេវាកម្ម វិនិយោគ ធនធានមនុស្ស បណ្ដាញព័ត៌មានវិទ្យា និងសេវាកម្មសន្តិសុខ បានឲ្យដឹងថា ក្រុមហ៊ុននេះកំពុងត្រូវការបុគ្គលិកផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផ្នែកលក់ និងទីផ្សារ ដោយមិនទាមទារឲ្យចេះភាសាជប៉ុននោះឡើយ ប៉ុន្តែ ត្រូវរៀនចប់បរិញ្ញាបត្រទៅតាមជំនាញពាក់ព័ន្ធ។
លោក សេង ចាន់ធី ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុន Denso Cambodia ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្តមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានប្រាប់ថា ក្រុមហ៊ុនកំពុងត្រូវការបុគ្គលិកផ្នែកវិស្វកម្មថែទាំ គ្រប់គ្រងផលិតកម្ម និងមេក្រុម។ លោកបញ្ជាក់ថា ក្រុមហ៊ុនមិនទាមទារចំណេះដឹងភាសាជប៉ុននោះឡើយ ប៉ុន្តែចាំបាច់ត្រូវចេះភាសាអង់គ្លេស។
លោក ផៃ ពិសិដ្ឋ ជំនួយការអ្នកគ្រប់គ្រងនៃក្រុមហ៊ុន Cambodia and Nippon Business Consultants បានឲ្យដឹងថា ក្រុមហ៊ុនកំពុងត្រូវការបុគ្គលិកដែលរៀនចប់បរិញ្ញាបត្រ និងមានជំនាញផ្នែកទំនាក់ទំនង សម្រាប់បម្រើការនៅការិយាល័យក្រុមហ៊ុនស្ថិតនៅអគារផាកវ៉េ។
លោក ចាន់ វុត្ថា មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន Yazaki (Cambodia) Products ដែលជាសាខានៃក្រុមហ៊ុន Yazaki Corporation កំពុងស្វែងរកបុគ្គលិកសម្រាប់តំណែងគណនេយ្យករ អ្នកបកប្រែភាសាជប៉ុន អ្នកគ្រប់គ្រងផលិតកម្ម និងប្រព័ន្ធសង្វាក់ផលិតកម្ម។ លោកបញ្ជាក់ថា បុគ្គលិកដែលត្រូវបានជ្រើសរើស នឹងត្រូវទៅបំពេញការងារនៅរោងចក្រស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុង៕

0 comments:
Post a Comment