ភ្នំពេញៈ ​​អ្នកប្រដាល់​ជើងខ្លាំងកម្ពុជាចំនួន ៥ នាក់​មាន ឡៅ ចន្ទ្រា, ផាន់ គ្រាន់, ឃីម បូរ៉ា, លាស់ យីន និង ឯម សុធី នឹងត្រូវធ្វើការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​ប្រេស៊ីល ក្នុង​ការ​ប្រកួត​ប្រដាល់មិត្ត​ភាព​អន្ដរជាតិទាំង ២ ព្រឹត្តិការណ៍នៅ​លើសង្វៀន SEATV នាព្រឹក និង​យប់ថ្ងៃ​អាទិត្យ ខាងមុខនេះ។
សម្រាប់​ការ​ប្រកួតក្នុងកម្ម​វិធី GANZBERG នៅ​ពេល​ព្រឹក​ ជើង​ខ្លាំង ឡៅ ចន្ទ្រាដែល​ទើបទទួល​ការខកចិត្ត ព្រោះ​បាន​សន្លប់ក្រោម​កណ្តាប់​ដៃ​ជើង​ខ្លាំង​ថៃ Kaophong ​Chaiphum ​ក្នុងទឹកទី ២ កាល​ពី​សប្តាហ៍មុន​នោះ នឹងត្រូវ​ជួបថៃ Phich Nam Ek ដែល​ធ្លាប់​ប្រកួត ៦៨ ដង ​ឈ្នះ ៥៦​ ចាញ់ ១១​ ​និងស្មើ ១ ហើយ លោក ញាន ​សុធី​ អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់នៅ SEATV ​បាន​ឲ្យ​ដឹង​ថា ​ Phich Nam Ek មានសមត្ថភាព​ប្រកួត​ល្អ ​ដែលនឹងធ្វើ​ឲ្យ​លទ្ធផល​ចាញ់​ឬ​ឈ្នះ​គ្នាក្នុងសភាព​តឹង​តែងបំផុត។​
ចំណែក ឯម​ សុធី​ ក្លិបឫទ្ធី​ពោធិ៍​សែនជ័យ​ ដែល​ធ្លាប់​​ប្រកួតបាន ៤៩ ដង ​ឈ្នះ ៣៨ ​ចាញ់ ១០ ​និងស្មើ ១ ដង ហើយ​ធ្លាប់ស្មើ​កីឡាករថៃ Kham នោះ លើក​នេះ​ត្រូវជួប​អ្នក​ប្រយុទ្ធ Phun Savath ​ក្នុង​ទម្ងន់ ៥៤ គ.ក្រ​។​ ថៃ​ម្នាក់នេះ ធ្លាប់​ប្រកួតបាន ៦៩ ដង ឈ្នះ ៦៥ លើក និងចាញ់ ៤ ដង ហើយនៅ​ក្នុង​ប្រវត្តិ​នេះ គេ​ធ្លាប់ផ្តួល ម៉ន ​ព្រំម៉ាញ ឲ្យសន្លប់​នៅទឹកទី ៤ ​ប៉ុន្តែបាន​ចាញ់​កីឡាករ​បាង ​កាយ៉ាក់ ​ដោយពិន្ទុ។
ជាមួយ​គ្នា​នោះ​ដែរ​កីឡាករ លាស់​ យីន​ ​ក្លិបតា​ព្រហ្មមាន​ជ័យ ​ត្រូវ​ឡើង​ប្រកួតជាមួយ​អ្នក​ប្រដាល់ប្រេស៊ីល​ K.​Ros ក្នុងទម្ងន់ ៦០ គីឡូក្រាម។
លោក ​ថៃ ​អ៊ូ​ អ្នកនាំកីឡាករ​បរទេស​មក​ប្រកួតនៅ SEATV បាននិយាយថា​៖​« K​.Ros ​មិនធ្លាប់មក​ប្រកួតនៅក្នុង​ស្រុក​ខ្មែរ​ទេ​ ដោយគេធ្លាប់​ប្រកួតបាន ៣៥ ដង ​ឈ្នះ ២៤ ​ចាញ់ ១០ និង​ស្មើ ១ ដង។ ​គេមានកម្ពស់ ១,៦៩ ម៉ែត្រ ​លើស​លាស់ ​យីន ​តែ ២ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ ប៉ុន្តែ​ជន​ជាតិ​ប្រេស៊ីល​ម្នាក់នេះ មាន​កណ្តាប់​ដៃ​លឿន​រហ័សដូច​អ្នក​ប្រដាល់​សកលអាជីព​អ៊ីចឹង»។​
ដោយ​ឡែក ការ​ប្រកួត​ក្នុង​កម្ម​វិធី​ស្រាបៀរ Black Cat នៅ​ពេល​យប់​វិញ​នោះ ជើងខ្លាំង មាន​ក្បាច់​ប្រយុទ្ធល្អ ឃីម​ បូរ៉ា របស់​ក្លិប​រស្មី​ភូមិគាបខេត្ត​បន្ទាយ​មាន​ជ័យ ​ដែលមាន​ប្រ​វត្តិប្រកួត ៧៦ ដង ​ឈ្នះ ៦៤ ចាញ់ ១១ ​ស្មើ ១ ដង​នោះ ​ត្រូវប៉ះជា​មួយ​កីឡាករ​ថៃ​ Pha Ravy ​ដែលមាន​ប្រវត្តិប្រ​កួត ៥៥ ដង ​ឈ្នះ ៤៩​ និង​ចាញ់ ៦ ដង ហើយ​ថៃ​ម្នាក់​នេះ​ធ្លាប់​ឈ្នះ​ ផល ​សុផាត​ ចាញ់​ផល សោភ័ណ្ឌ ​និង​ឈ្នះ​ ពុទ្ធឆាយ​រិទ្ធី។​
ចំណែក ផាន់ ​គ្រាន់​ ​ដែល​ដំបូង​ឡើង​ត្រូវ​ជួប​ ​Sing Pheach Noy នោះ ត្រូវ​បាន​លោក​ ថៃ​ អ៊ូ​ ​ប្រាប់ថា ត្រូវ​ដាក់​ឲ្យ​ជួប​ថៃ Chhok Chhai ដែលទើបឈ្នះ​ខ្សែក្រវាត់​គោល​ជល់ ​នៅ​សង្វៀន​ស៊ីធីអិនវិញ​ ព្រោះ Sing Pheach Noy មាន​បញ្ហា​សុខ​ភាព ហើយ​ការ​ដាក់ Chhok Chhai មកជំនួស​នេះ​ត្រូវ​បាន​គេមើលឃើញថា ផាន់ គ្រាន់ អាច​នឹង​ចាញ់ ព្រោះ​នៅ​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គោជល់​នោះ ផាន់ គ្រាន់ បាន​ចាញ់ Chhok Chhai ដាច់​ទាំងក្នុង​វគ្គ​ជម្រុះ និង​វគ្គ​ផ្តាច់​ព្រ័ត្រ។
ទោះ​ជា​យ៉ាង​ណា​ លោក ​ថៃ ​អ៊ូ​ បាន​អះអាង​ថា៖​«​សង្វៀន​ SEATV ​គឺ​ខ្ញុំ​ធានា​វ៉ៃ​អស់ពីសមត្ថភាព​ គ្មានជំនួញ​ភ្នាល់​នៅ​ពី​ក្រោយ​ការ​ប្រកួត​នោះ​ទេ​ ហើយ​កីឡាករ​ថៃ​ទាំង ៥ នាក់ ដែល​យកមក​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​​អាចឈ្នះដល់ ៤ នាក់​ឯណោះ ​ព្រោះ​ខ្ញុំ​បាន​ជម្រើស​ជើង​ខ្លាំងៗ​ និង​មាន​តម្លៃ​ខ្លួនប្រកួត​ខ្ពស់»៕

Advertisement

0 comments:

Post a Comment

 
Top