ភ្នំពេញ ៖ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ដែលឈានជិតមកដល់ ខាងមុខនេះ ក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកចំនួន៥ បាន សម្រេច ចុះតម្លៃសាំង១០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃ១៥តុលា ដោយឡែកក្រុមហ៊ុនក្រៅស្រុកចំនួន៣ទៀតកំពុងពិចារណា។ នេះបើយោងតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានបញ្ជាក់ក្រោយ កិច្ច ប្រជាមួយ ក្រុមហ៊ុន ប្រេងឥន្ធនៈទាំងអស់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៨តុលា នៅទីស្ដីការក្រសួង។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមហ៊ុនតេលា សូគីមិច សាវីមិច ប៊ីវីអឹម(BVM) និងLHR បានសម្រេចចុះតម្លៃសាំង១០០រៀល ចាប់ពីថ្ងៃសុក្រស្អែកនេះ ដល់ថ្ងៃទី១៥ខែតុលា សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ។ ចំណែកនៅក្រុមហ៊ុនក្រៅស្រុកចំនួន៣ទៀត គឺក្រុមហ៊ុនតូតាល់ កាល់តិចនិងក្រុមហ៊ុនPTT តំណាងក្រុមហ៊ុន ដែលចូលរួមកិច្ចប្រជុំ បានសន្យា នឹងឆ្លើយតបនៅរសៀលថ្ងៃនេះ ដោយរង់ចាំការពិភាក្សាជាមួយថៅកែក្រុមហ៊ុនជាមុនសិន។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ក្រោយពីបញ្ចប់ ពិធីបុណ្យភ្ជុំបិណ្ឌ អន្តរក្រសួង នឹង ប្រជុំ រករូបមន្ត ក្នុងការកំណត់តម្លៃប្រេងឥន្ធនៈ ដើម្បីធានាថាក្រុមហ៊ុនប្រេងទាំងអស់នឹងលក់ទៅតាមតម្លៃមួយដែលសមស្របនឹងទីផ្សារអន្តរជាតិនិងមិនចំណេញហួសហេតុ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១តុលានៅឯទីស្ដីការក្រសួងពាណិជ្ជកម្ម អន្តរក្រសួង បានបើកកិច្ចប្រជុំ ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដើម្បីឲ្យក្រុមហ៊ុនទាំងក្រៅ និងក្នុងស្រុកបញ្ចុះតម្លៃប្រេងទៅតាមទីអន្តរជាតិដែលគេ ចុះ។ ដើម្បីធានាថា ក្រុមហ៊ុនប្រេងទាំងអស់នឹងលក់ទៅតាមតម្លៃមួយដែលសមស្របនឹងទីផ្សារអន្តរជាតិ និងមិនចំណេញហួសហេតុ។ នឹងស្រប ដែលបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ានមានរូបមន្តកំណត់តម្លៃប្រេងនេះរួចរាល់ហើយ។
លោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានថ្លែងកាលពីកន្លងមកថា នៅប្រទេសថៃ រដ្ឋាភិបាលមានរូបមន្តកំណត់តម្លៃប្រេងមួយច្បាស់លាស់ ហើយអន្តរក្រសួង គឺជាអ្នកចេញតម្លៃប្រេងជារៀងរាល់ថ្ងៃ ដើម្បីឲ្យក្រុមហ៊ុនជាអ្នកអនុវត្តតាម។ រីឯនៅក្នុងប្រទេសវៀតណាមវិញ គឺអន្តរក្រសួងកំណត់តម្លៃប្រេងរៀងរាល់ ១៥ថ្ងៃម្តង ហើយប្រសិនបើក្រុមហ៊ុន ឬក៏អាជីវករលក់រាយណាមិនគោរពតាមនោះ នឹងត្រូវផាកពិន័យជាប្រាក់ ចំនួន ២០លានដុង។ ប្រទេសម៉ាឡេស៊ីវិញ គឺប្រេងមានតម្លៃត្រឹមតែ ៥៩សេន ឬជិត ២៤០០រៀលតែប៉ុណ្ណោះ ខណៈដែលតម្លៃប្រេងនៅកម្ពុជាមានតម្លៃជិត១ដុល្លារ ឬ ៤០០០ពាន់រៀល ក្នុងមួយលីត្រ។
លោក រដ្ឋមន្ត្រីបញ្ជាក់ថា អន្តរក្រសួង បានស្នើក្រុមហ៊ុនប្រេងឯកជនទាំងអស់ផ្តល់ជាទិន្នន័យលើការចំណាយនិងចំណូលនៃការទិញ រួមមានតម្លៃទិញប្រេងចូល តម្លៃដឹកជញ្ជូននិងតម្លៃស្ថានីយជាដើម។ លោកបន្តថា នៅពេលទទួលបានទិន្នន័យនោះ ក្រសួងនឹងពិនិត្យមើលរូបមន្តមួយសម្រាប់ការកំណត់តម្លៃនិងស្វែងរកការឯកភាពគ្នាពីក្រុមហ៊ុន នៅដើមសប្ដាហ៍ ក្រោយដើម្បីកំណត់យករូបមន្តមួយ ដែលគ្រប់ភាគីទាំងសងខាងឯកភាពទទួលយក។ ក្រសួងពាក់ព័ន្ធនឹងធ្វើរបាយការណ៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសម្រេចក្នុងការចេញជាប្រកាសឬអនុក្រឹត្យលើការកំហិតតម្លៃប្រេង។ លោកបន្ថែមថា កាធ្វើបែបនេះ ដើម្បីធានាថា ក្រុមហ៊ុនប្រេងទាំងអស់នឹងលក់ទៅតាមតម្លៃមួយដែលសមស្របនឹងទីផ្សារអន្តរជាតិ និងមិនចំណេញហួសហេតុ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រោយពីការងារពិភាក្សា ជាមួយក្រុមហ៊ុនចប់សព្វគ្រប់ នឹងមានក្រុមការងារមួយចុះត្រួតពិនិត្យជាប្រចាំនៅគ្រប់ស្ថានីយប្រេងសាំងទាំងអស់ នៅកម្ពុជាទៅលើគុណភាពនិងបរិមាណប្រេង ហើយក្រុមហ៊ុននឹងត្រូវទទួលពិន័យ ក្នុងករណីមិនលក់ប្រេងក្នុងតម្លៃទៅតាមទីផ្សារអន្តរជាតិ តាមរូបមន្តកំណត់ និងនៅពេលមានភាពមិនប្រក្រតីកើតឡើង។
សូមរំលឹកថា កាលពីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរិះគន់ ជាថ្មីដល់ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជាថា ដំឡើងថ្លៃប្រេងសាំងលឿននៅពេលតម្លៃប្រេងនៅលើពិភពលោកកើនឡើង តែចុះថ្លៃយឺតពេលតម្លៃប្រេងសាំងធ្លាក់ចុះ។ សម្តេចថ្លែងទៀតថាប្រេងនៅលើពិភពលោកវាចុះថ្លៃ ប៉ុន្តែអស់លោកចុះវាយឺតពេក។ ដល់វាឡើងៗលឿន ឯណោះគ្រាន់តែឡើងនៅឯញូយ៉កគ្រឹប អាភ្នំពេញនេះឡើងប៉ាដោយ។ វាមានទាន់ទិញប្រេងពីញូយ៉កចូលមកអង្កាល់ វាឡើង ដល់ពេលនៅឯណោះគេធ្លាក់យូរណាស់ហើយ ឯងវាមិនព្រមធ្លាក់… អាគេគ្រាន់តែប្រកាសឡើងនៅឯក្រុងឡុងដ៍ នៅឯញូយ៉ក ឯងឡើងនៅភ្នំពេញដែរ។ ដល់ចុះនៅឯណោះ ចុះកន្លះខែ មួយខែ ពីរខែហើយ វាមិនព្រមនៅភ្នំពេញ ហើយបើវាចុះវាចុះបន្តិចៗ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងពាណិជ្ជកម្មនិងក្រសួងហិរញ្ញវត្ថុពិនិត្យលើបញ្ហានេះឲ្យបានជាប់លាប់ ដើម្បីបញ្ចុះតម្លៃប្រេងសាំងឲ្យស្របទៅតាមតម្លៃទីផ្សារអន្តរជាតិ៕

0 comments:
Post a Comment