ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកហង្ស ជួនណារ៉ុនបានអះអាងថា សម្រាប់ឆ្នាំ២០១៦ខាងមុខនេះ ប្រាក់ខែមូលដ្ឋានរបស់គ្រូបង្រៀនទាំងអស់នឹងមានការកើនឡើងចាប់ពី៨០ម៉ឺនរៀលឡើងទៅ ស្របពេលដែលពេលនេះប្រាក់បៀវត្សរ៍របស់ពួកគាត់មានចំនួនត្រឹមតែ៦៥ម៉ឺនរៀល។
ការដំឡើងប្រាក់បៀវត្សរ៍នេះ គឺដើម្បីបង្កើនការដោះស្រាយ ជីវភាពរបស់គ្រូបង្រៀន និងជំរុញការលើកកម្ពស់គុណភាពបង្រៀនដល់សិស្សានុសិស្សឲ្យកាន់ល្អមួយកម្រិតថែមទៀត។
ការអះអាងរបស់លោកហង្ស ជួនណារ៉ុនខាងលើនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ខែកញ្ញា នៅមន្ទីរអប់រំយុវជន និងកីឡារាជធានី ភ្នំពេញ ក្នុងពិធីប្រកាសតែងតាំងលោកស្រីហួត យ៉ារី ជាប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បន្ទាប់ពីលោកជា ជាតិ បានចូលកាន់តំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។
លោកហង្ស ជួនណារ៉ុន បានបង្ហើបប្រាប់លោកគ្រូអ្នកគ្រូឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានយល់ស្របរួចហើយក្នុងការដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋានទាបបំផុតចំនួន៨០ម៉ឺនរៀល ដល់លោកគ្រូអ្នកគ្រូ ខណៈដែល បច្ចុប្បន្នមានចំនួនត្រឹមតែ៦៥ម៉ឺនរៀលប៉ុណ្ណោះ។
រដ្ឋមន្ត្រីបញ្ជាក់ថា នេះជាការដំឡើងប្រាក់បៀវត្សរ៍ពិសេសខ្ពស់ជាងមន្ត្រីរាជការស៊ីវិលដទៃទៀត ដោយមិនទាន់រាប់បញ្ចូលប្រាក់មុខងារ និងប្រាក់ឧបត្ថម្ភផ្សេងទៀត ដើម្បីលើកទឹកចិត្តដល់ លោកគ្រូអ្នកគ្រូឲ្យបង្កើនការយកចិត្តទុកដាក់បង្រៀនសិស្សឲ្យបាន ល្អប្រសើរជាងមុន ស្រប ពេលដែលក្រសួងអប់រំកំពុងកំណែទម្រង់គុណភាព។
លោកបានបញ្ចេញពាក្យស្លោកថា ដើម្បីឲ្យ សិស្សល្អទាល់តែគ្រូល្អនឹងមានគុណភាពដែរ ដូច្នេះនឹងធ្វើឲ្យវិស័យអប់រំ នៅកម្ពុជាកាន់តែមាន គុណភាពអប់រំខ្ពស់ស្របតាមស្តង់ដារក្នុងតំបន់ និងអន្តរជាតិ។
ជាមួយនឹងការ ដំឡើងប្រាក់បៀវត្សរ៍ ដល់គ្រូបង្រៀនដើម្បីបង្កើនគុណភាពអប់រំ និងកំណែទម្រង់ការប្រឡងកន្លងមកនេះ លោករដ្ឋមន្ត្រី បានអះអាងទៀតថា លោកគ្រូអ្នកគ្រូក៏ត្រូវបានបំប៉នសមត្ថភាព និងបច្ចេកទេស បង្រៀនផងដែរ ដើម្បីឲ្យការបង្រៀនសិស្សឆាប់ចេះ ឆាប់យល់។
លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ ដែរនោះ អាជ្ញាធរស្វាគមន៍រាល់កិច្ចសហការទាំងអស់ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សក្លាយជាធនធានដ៏សំខាន់នៃសសរទ្រូងប្រទេសជាតិ។
សូមជម្រាបថា យោងតាមស្ថិតិឆ្នាំសិក្សា២០១៤ដល់២០១៥ របស់ក្រសួងអប់រំយុវជន និងកីឡា ចំនួនគ្រូបង្រៀន និងបុគ្គលិកសិក្សាមានចំនួនរហូតដល់១១៣.៩៨៦នាក់ក្នុងនោះជាងស្ត្រី៤៣ភាគរយ៕
0 comments:
Post a Comment