ភ្នំពេញ: រថយន្ដម៉ូដែលថ្មីសម្រាប់គ្រួសារទាន់សម័យ Avanza ឆ្នាំ ២០១៦ របស់ក្រុមហ៊ុនតូយ៉ូតា បានដាក់សម្ពោធជាផ្លូវការហើយ នៅតាំងលក់ និងជួសជុលរថយន្ដតូយ៉ូតា ទឹកថ្លា កាលពីសប្តាហ៍មុននេះ។
រចនាឡើងខុសប្លែក និងទំនើបជាង ស៊េរីឆ្នាំ ២០១៥ Avanza ថ្មីមានការច្នៃផ្នែកខាងមុខនៃរថយន្ដមើលទៅរាងកាចសង្ហាឡូយឆាយជាងមុន។
លោក ថុង រក្សា ប្រធានក្រុមផ្នែកទីផ្សារនៃក្រុមហ៊ុនតូយ៉ូតា កម្ពុជា បានបង្ហាញពីមុខងារខ្លះៗរបស់រថយន្ដ Avanza ឆ្នាំ ២០១៦។ រថយន្ដនេះវាមានរាងស្អាត និងធំទូលាយសមជារថយន្ដលក្ខណៈគ្រួសារ។ ផ្នែកខាងក្នុងមានកៅអីអង្គុយប្រកបដោយផាសុកភាពអាចអង្គុយបានគ្នា ៧ នាក់ ដោយកៅអីជួរទី ២ និងទី ៣ អាចបត់បែនបាន ផ្តាច់ចេញពីគ្នាដែលអ្នកប្រើប្រាស់អាចដាក់សម្ភារផ្សេងៗទៅតាមតម្រូវការ។
បើយើងក្រឡេកទៅមើលចង្កៀងស្តុបក្រោយវិញគឺត្រូវបានរចនាឡើងដោយភ្ជាប់មកជាមួយនឹង Aero Fin សម្រាប់ជួយទប់លំនឹងរបស់រថយន្ដបានយ៉ាងល្អ។ ចំណែកឯយ៉ាន់កង់នៃរថយន្ដនោះគឺរឹតតែមានភាពស្រស់ស្អាតរចនាឡើងថ្មីបែបស្ព័រ មើលទៅកាន់តែទាក់ទាញ។
រីឯប្រព័ន្ធ ហ្រ្វាំង ABS និងប្រព័ន្ធបែងចែកកម្លាំងសម្ពាធ ហ្វ្រាំង EBD ត្រូវបានបន្ថែមដើម្បីធានាបាននៅសុវត្ថិភាពខ្ពស់ក្នុងការបើកបរ។
លក្ខណះពិសេសបន្ថែមទៀតរបស់រថយន្ដនេះគឺនៅខាងអ្នកបើកបរមានបំពាក់នៅកញ្ចក់បង្អួចដែលភ្ជាប់ជាមួយនឹងប្រព័ន្ធការពារស្វ័យប្រវត្តិ Auto Jam Protection វាមិនធ្វើឲ្យគាបដៃនៅពេលដែលយើងលូកដៃចេញក្រៅ និងមានបំពាក់ដោយពោងសុវត្ថិភាពពីរនៅសងខាង។
រថយន្ដ Avanza ត្រូវបានបំពាក់ដោយម៉ាស៊ីនថ្មី ១,៥ ជាមួយបច្ចេកវិទ្យា Dual VVT-i ធ្វើឲ្យរថយន្ដមានសន្ទុះខ្លាំង និងសន្សំសំចៃប្រេង។ ជាមួយនឹងប្រព័ន្ធ ECO Mode ក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្ររថយន្ដស៊ីសាំងអស់ ៥,៧ លីត្រ។ ចំពោះបូមខាងមុខ និងក្រោយត្រូវបានកសម្រួលដើម្បីបង្កើននូវលំនឹងក្នុងការបើកបរបានកាន់តែល្អប្រសើរ។
ក្រៅពីរៀបរាប់នូវគុណសម្បត្តិរបស់រថយន្ដ ប្រធានក្រុមផ្នែកទីផ្សាររូបនេះបានបន្ដថា៖ «គោលបំណងចម្បងក្នុងការនាំយករថយន្ដ Avanza ជាមួយនឹងតម្លៃសមរម្យនេះ គឺដើម្បីលើកទឹកចិត្ត ប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្ដថ្មីដើម្បីបង្កើនសុវត្ថិភាព និងឧត្តមភាពក្នុងការរស់នៅ និងចៀសវាងការប្រើប្រាស់រថយន្ដមួយទឹកដែលភាគច្រើនមានការកែច្នៃខុសបច្ចេកទេស»។
រថយន្ដប្រភេទគ្រួសារ Avanza ២០១៦ ស៊េរីថ្មីនេះមានតម្លៃត្រឹមតែ ២៧០០០ ដុល្លារ និងមានជម្រើស ៦ ពណ៌។ សម្រាប់អតិថិជនជ្រើសរើស គឺមានពណ៌ស ខ្មៅ ទឹកមាស ទឹកប្រាក់ ប្រផេះ និងទឹកប៊ិក។
អតិថិជនក៏អាចបង់រំលោះរថយន្ដនេះបានផងដែរ ដោយបង់ប្រាក់ជាមុន ៥០ ភាគរយ បន្ទាប់មកបង់ត្រឹមតែ ៣០៧ ដុល្លាក្នុង ១ ខែក្នុងរយៈពេលបង់រំលស់ ៥ ឆ្នាំ ជាមួយនឹងសេវាកម្មបង់រំលស់របស់ក្រុមហ៊ុនផ្ទាល់គឺតូយ៉ូតាកម្ពុជាហ្វាយនែន នៅគ្រប់សាខាក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ទាំងអស់ទូទាំងប្រទេស៕
0 comments:
Post a Comment