ស៊ូ យ៉ាទី និយាយអំពីការប្រកួតទល់នឹងជប៉ុននិងការសង្គ្រោះបាល់
" អ្នកចាំទី ស៊ូ យ៉ាទី របស់បឹងកេតអង្គរបានបង្ហាញខ្លួនក្នុងជម្រើសដំបូងរបស់កម្ពុជាក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោកឆ្នាំ២០១៨ប្រចាំទ្វីបអាស៊ី ទល់នឹងម្ចាស់ផ្ទះជប៉ុន។ ក្រោយបង្ហាញខ្លួនក្នុងការប្រកួតដ៏ធំនេះ យ៉ាទី និយាយថា៖ «ខ្ញុំមានអារម្មណ៍រំភើបក្រៃលែងពេលដើរទៅជាន់លើវាលស្មៅនៃកីឡដ្ឋាន Saitama Stadium 2002 ហើយបានជួបផ្ទាល់និងប្រកួតតទល់នឹងកីឡាករលំដាប់ពិភពលោករបស់ជប៉ុនដែលសុទ្ធសឹងប្រកបអាជីពនៅក្លិបធំៗរបស់អឺរ៉ុបស្ទើរទាំងអស់គ្នា។ ជាពិសេសពេលក្រឡេកទៅណាក៏ឃើញសុទ្ធតែអ្នកទស្សនាណែនណាប់តាន់តាប់ពេញកីឡដ្ឋាន ហើយពួកគេបំពងសំឡេងកងរំពងគាំទ្រនិងលើកទឹកចិត្តកីឡាករគេពេញ៩០នាទី។ វាជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំដែលស្ថិតក្នុងបរិយាកាសដ៏អស្ចារ្យនេះ។ ការប្រកួតទល់នឹងជប៉ុន ខុសគ្នាខ្លាំងពីការប្រកួតក្នុងលីកកម្ពុជាដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមក គឺបច្ចេកទេសនិងល្បឿនរបស់ពួកគេពិតជាខ្ពស់ណាស់ ដែលធ្វើឱ្យខ្ញុំពិបាកខ្លាំងដែរក្នុងការព្យាយាមសង្គ្រោះការស៊ុតរបស់ពួកគេ។ ចំពោះគ្រាប់បាល់ដំបូងដែលស៊ុតដោយ Honda ពេលនោះខ្ញុំត្រូវបានបាំងជិតដោយខ្សែការពារនៅពីមុខ ហើយស្របពេលដែលខ្ញុំបន្ទន់ជង្គង់សំលឹងមើលបាល់ ស្រាប់តែ Honda ស៊ុតក្នុងល្បឿនលឿនគួរសម បណ្ដាលឱ្យខ្ញុំស្ទុះទៅមិនទាន់ពេលវេលា។ រីឯការសង្គ្រោះបាល់ដែលស៊ុតមួយទំហឹងជើងដោយ Okazaki មុនដំបូង Kagawa ជាអ្នកស៊ុត ហើយខ្ញុំទះចេញទាន់។ ភ្លាមនោះខ្ញុំស្មានដឹងក្នុងចិត្តថានឹងមានអ្នកស៊ុតថែមមួយជើងទៀត ដូច្នេះខ្ញុំក៏ស្ទុះងើបមកវិញមកឈររង់ចាំ ហើយស្រាប់តែ Okazaki ស៊ុតមួយជើងទៀតមែនដូចការរំពឹងទុករបស់ខ្ញុំ»"

0 comments:
Post a Comment