នគរបាលសេដ្ឋកិច្ច ចាប់ប្រេងម៉ាស៊ីនក្លែងក្លាយ បានជិត១០០កេស ឃាត់ខ្លួនម្ចាស់ជាជនជាតិចិនយកទៅសួរនាំ
(ភ្នំពេញ)៖ ប្រេងម៉ាស៊ីនក្លែងក្លាយ បន្លំម៉ាកជិត១០០កេស ត្រូវបានកម្លាំង នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ធ្វើការស្ទាក់ចាប់ និងឆែកឆេររកឃើញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីម្ចាស់ក្រុមហ៊ុនស្របច្បាប់។
លោកវរសេនីយ៍ឯក ទូច យុទ្ធា ប្រធានការិយាល័យ ប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលជាអ្នកដឹកនាំកម្លាំងចុះ ចាប់ផ្ទាល់បានឲ្យដឹងថា ក្រោយពីទទួលបាន ពាក្យបណ្ដឹងពីក្រុមហ៊ុននាំចូល និងចែកចាយស្របច្បាប់ និងបន្ទាប់ទទួល បានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជា សុមេធី អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច រួចមកលោកបានដាក់កម្លាំងឃ្លាំមើល រហូតឃើញរថយន្តសង្ស័យ នៅចំណុចក្បែរផ្សារបឹងត្របែក ក៏ឃាត់ត្រួតពិនិត្យ ឃើញមានប្រេងម៉ាស៊ីន ដូចតាមពាក្យបណ្ដឹង ហើយក៏បន្តចុះទៅឆែកឆេរ ផ្ទះលេខ៣៣៩ ផ្លូវបន្ទាយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលមានម្ចាស់ផ្ទះឈ្មោះ PENG YOQAO ភេទប្រុសអាយុ៣៧ឆ្នាំ ជាជនជាតិចិន ដោយរកឃើញ ប្រេងម៉ាស៊ីនម៉ាក HXS Formula-1 និង Top Formula-1 ក្លែងបន្លំម៉ាកចំនួន៨៨កេស ស្មើរ២១១២កំប៉ុង ក៏បានធ្វើការរឹបអូស និងឃាត់ខ្លួនជនជាតិចិន ជាម្ចាស់យកទៅធ្វើការសួរនាំបន្ត។
សូមបញ្ជាក់ថា ប្រេងម៉ាស៊ីនបន្លំម៉ាកបែបនេះ ភាគច្រើនជាប្រេងម៉ាស៊ីន ដែលកែឆ្នៃផលិតក្នុងស្រុក ដែលអ្នកទិញមិនបានដឹង ពេលទិញយកទៅប្រើប្រាស់ បណ្ដាលអោយឆាប់ខូចម៉ាស៊ីន៕





0 comments:
Post a Comment