អតីតអ្នកប្រដាល់ល្បីឈ្មោះលោក អូត ភូថង បានធ្វើជាអាជ្ញាកណ្តាលក្នុងកម្មវិធីប្រដាល់ប៉ុស្តិ៍លេខ៥ដែលទើបបានបង្កើតឡើងវិញកាលពីពេលថ្មីៗនេះ និងការលក់ភីហ្សាមួយថ្ងៃជិត៣០នំនៅម្ដុំរង្វង់មូលស្ពានជ្រោយចង្វាជាប់ស្ថានីយប្រេងឥន្ធនៈតេលាផ្លូវផ្សារទូលសង្កែ។
អូត ភូថង បានឲ្យដឹងថា ក្នុងមួយសប្ដាហ៍អាចរកចំណូលបានប្រហែល៣០ដុល្លារអាមេរិកពីការធ្វើជាអាជ្ញាកណ្ដាល ឬចៅក្រមនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥រៀងរាល់សប្ដាហ៍។ ក្រៅពីអាជីពនេះលោកគ្មានមុខរបរអ្វីដើម្បីជួយសម្រាលបន្ទុកគ្រួសារឡើយ។
ចំណែកអ្នកស្រី ម៉ែន ដាលីយ៉ា ប្រពន្ធរបស់លោកអូត ភូថងបានឲ្យដឹងថា អ្នកស្រីលក់នំភីហ្សាអស់ចន្លោះពី២០ទៅ៣០នំទៅតាមស្ថានភាពនៃការលក់ ហើយនំមួយមានតម្លៃ១ម៉ឺនរៀល។ ពីមុនអ្នកស្រីលក់នៅមុខស្តាតចាស់ ប៉ុន្តែពេលនេះបានផ្លាស់ប្ដូរទីតាំងមកលក់នៅតំបន់ខាងលើវិញ។ ក្នុងមួយថ្ងៃអ្នកស្រីចំណាយដើមទុនអស់ចំនួន១៥ម៉ឺនរៀលលើគ្រឿងផ្សំនៃនំភីហ្សា។
អ្នកស្រីបន្ថែមថា សព្វថ្ងៃពុំទាន់មានផ្ទះស្នាក់នៅផ្ទាល់ខ្លួនឡើយ ដោយស្នាក់នៅស្តាតចាស់។ មូលហេតុបើកលក់មុខរបរនេះដោយសារអ្នកស្រីមានជំនាញធ្វើម្ហូបអឺរ៉ុបជាច្រើនមុខរួមទាំងភីហ្សា។ ចំណែកបទពិសោធន៍ធ្វើនំភីហ្សានេះអ្នកស្រីមានជំនាញ២ឆ្នាំមកហើយ ដោយពីមុនធ្វើជាបុគ្គលិកនៅភោជនីយដ្ឋានល្បីឈ្មោះមួយកន្លែងក្នុងប្រទេសកម្ពុជា។ ប្រសិនបើភ្ញៀវចង់កុម្ម៉ង់ដល់ផ្ទះគឺទិញចាប់៤នំឡើងទៅ ដោយកុម្ម៉ង់តាមរយៈលេខទូរសព្ទអ្នកស្រី 096 85 58 615 ។
សម្រាប់ប្រាក់ក្នុងមួយខែនៃចំណូលគ្រួសារលោកអូត ភូថងអាចរកបានយ៉ាងហោចណាស់៦០ម៉ឺនរៀល។ ចំណែកអ្នកស្រីម៉ែន ម៉ាលីយ៉ាមួយថ្ងៃអាចចំណេញលុយបានជាង១០ម៉ឺនរៀលពីការលក់នំភីហ្សា៕
0 comments:
Post a Comment